ការបង្កើតអាជីវកម្មដែលត្រឹមត្រូវ ត្រូវដឹងពីទំហំ និងរូបមន្ត ក៏ដូចជាទាំង ឥរិយាបថរបស់អាជីវកម្ម និងទីផ្សារផងដែរ។ ចំពោះទំហំ យើងបានដឹងហើយថា អាជីវកម្មមានតាំងពីខ្នាតតូច មធ្យម និងខ្នាតធំ សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារ។ តើអ្វីទៅ ដែលហៅថា ប្រភេទអាជីវកម្ម ខ្នាតតូច និងមធ្យម?
យើងបានដឹងហើយថា អាជីវកម្មមានច្រើនប្រភេទ តែប្រភេតដែលច្រើននោះ គឺស្ថិតនៅក្រោមទម្រង់ ៣ ផ្សេងៗគ្នា ដែលមានដូចជា អាជីវកម្មប្រភេទឯកត្តបុគ្គល (Sole Proprietorships) អាជីវកម្មបែបដៃគូរ (Partnerships) អាជីវកម្មបែបសាជីវកម្ម (Corporations)។ នៅក្នុងទម្រង់ទាំង បីនេះ មានចាប់តាំងពីអាជីវកម្មខ្នាតតូច រហូតដល់ខ្នាតធំ។ ប៉ុន្តែជាទូទៅ ទម្រង់ទី ៣ តែងតែប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតកណ្តាល ឬធំៗ។ ស្របពេលនេះ តើអ្វីទៅដែលហៅថា អាជីវកម្មខា្នតតូច និងមធ្យម? តាមប្រទេសនិមួយៗ បានបែងចែកប្រភេទអាជីវកម្មនេះ ផ្សេងៗគ្នា ទៅតាមទំហំ និងចំនួន និយោជិក ជាមួយនឹងដើមទុន និងប្រាក់ចំណូល។ ការបែងចែកនេះ ពេលខ្លះផ្អែកទៅលើសហគ្រាសផ្សេងៗគ្នា ទោះបីក្នុងប្រទេសដូចគ្នាក៏ដោយ។ នៅអាមេរិក ក្រុមហ៊ុនណាមួយចាប់ពី ត្រឹមតែការិយាល័យតូចមួយនៅផ្ទះធម្មតា រហូតដល់សាជីវកម្មខ្នាតធំ អាចត្រូវបានគេហៅថា SME។ ឧទហរណ៍ជាក់ស្តែងដូចជាក្រុមហ៊ុនមួយឈ្មោះ Russell Indices ជាក្រុមហ៊ុនសមាជិកមូលធនសកល សម្រាប់ឲ្យអ្នកវិនិយោគិនតាមដានប្រតិបត្តិការណ៍ទីផ្សារភាគហ៊ុនរបស់ខ្លួន ត្រូវបានចាត់ចូលក្នុងប្រភេទក្រុមហ៊ុន ខ្នាតតូចនិងមធ្យម។ នៅសហគមន៍អឺរ៉ុប ក្រុមហ៊ុនមួយដែលមានចំនួន និយោជិតចាប់ពី ៥០ ដល់ ២៥០ នាក់ មានប្រាក់ចំណូលពី ៧ ទៅ ៤០លានអឺរ៉ូ មានទ្រព្យសរុបតិចជាង ២៧ លានអឺរ៉ូ និងមានភាគហ៊ុនមិនលើសពី ២៥% របស់ក្រុមហ៊ុនសាជីវកម្មធំៗ ត្រូវបានចាត់ចូលជាប្រភេទក្រុមហ៊ុន ខ្នាតតូចនិងមធ្យម។ ចំពោះអង្គភាពសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ចពិភពលោក ក៏បានកំណត់ទំហំប្រភេទអាជីវកម្មតាមប្រទេសមួយចំនួន ដោយចំនួនបុគ្គលិក ដូចជា ៖
- អាមេរិក សម្រាប់អាជីវកម្មខ្នាតតូច ត្រឹមក្រោម ១០០នាក់, ខ្នាតមធ្យម ពី ១០០ ដល់ ៥០០នាក់ និងខ្នាតធំ ពី ៥០០ឡើងទៅ ចំពោះអឺរ៉ុប សម្រាប់អាជីវកម្មខ្នាតតូច ត្រឹមក្រោម ៥០នាក់, ខ្នាតមធ្យម ចាប់ពី ៥០ ដល់ ២៥០នាក់ និងខ្នាតធំ ចាប់ពី ២៥០នាក់ឡើងទៅ ចំណែកឯប្រទេស អូស្រ្តាលី វិញ សម្រាប់អាជីវកម្មខ្នាតតូច ចំនួនត្រឹមក្រោម ២០នាក់ , ខ្នាតមធ្យម ចាប់ពី ២០ ដល់ ២០០នាក់ និងខ្នាតធំ ចាប់ពី ២០០នាក់ឡើងទៅ។ ឯកម្ពុជាវិញ មកដល់បច្ចុប្បន្ន មាន ប្រភេទអាជីវកម្មប្រមាណជាង ៥៣០ ០០០ក្រុមហ៊ុន បានចូលរួមជួយដល់ទាំងសេដ្ឋកិច្ច និងសង្គមកម្ពុជាយ៉ាងខ្លាំង ដែលអាចបង្កើតការងារដល់ប្រជាជនប្រមាណជា ពី ៤០% ដល់ ៥០% ដោយក្នុងមួយអង្គភាព រហូតដល់ ៧៣% មានបុគ្គលិកចាប់ពី ១០នាក់ឡើង (ក្នុងនោះមាន ៣% មានបុគ្គលិកលើស ៥០នាក់)។ ចំពោះ សភាពាណិជ្ជកម្មអន្តរជាតិ (ICC) បានកំណត់ប្រភេទអាជីវកម្មខ្នាតតូចនិងមធ្យម ដោយចំនួន និយោជិតពី ១០០ នាក់ ទៅដល់ ២០០០នាក់។
Comments
Post a Comment