អាពាហ៍ ពិពាហ៍ ជារឿងមួយ ដែល មនុស្សម្នាក់ៗ មិនអាចជៀសផុត និងត្រូវតែបំពេញ កាតព្វកិច្ច ដើម្បីបន្តពូជពង្សវង្សត្រកូល។ មានអ្នកខ្លះក៏បានរៀបមង្គលការទាំង កំពុងសិក្សា អ្នកខ្លះរង់ចាំទាល់តែមានរបរត្រឹម ត្រូវស្រួលបួលហើយទើបព្រមចូលរោងការ អ្នកខ្លះមានមុខរបរហើយក៏មិនទាន់រៀបការ។
ទោះជាយ៉ាងណា ក៏យើងមិនអាចញ៉ែកឲ្យដាច់ ស្រឡះថា តើគួររកស៊ីមុនរៀបការ ឬរៀបការ ហើយ ទើបរកស៊ីបានឡើយ។បើយោងតាម ទស្សនៈផ្ទាល់ខ្លួនរបស់សហគ្រិនកម្លោះ លោក សេង ពិសិដ្ឋ លោក សេង ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុន ANUSSA បានមានបានមានប្រសាសន៍ប្រាប់ពាណិជ្ជកម្មកម្ពុជាថា រៀបការ ហើយចាំរកស៊ី ឬក៏ រកស៊ីហើយចាំរៀបការក៏បាន ។ប៉ុន្តែលោកបានលើកហេតុផលពីរថា៖
ជាធម្មតាអ្នកនៅលីវ ជាមនុស្សដែលមានឯករាជ្យ ជាមនុស្សដែលមិនសូវមានសំពាធច្រើន មានភាពហក់លោតច្រើន មានគំនិតឆ្នៃប្រឌិតច្រើន។ ហើយ ពួកគេ មិនសូវជាខ្វល់ពីអ្នកណាទេ ចង់ធ្វើអីក៏បាន គ្មានអ្នករារាំង ទោះរកស៊ី ខាតក៏មិនចោទជាបញ្ហា ដែរ អាចទុកវាជាបទពិសោធន៍។
យើងអាចនិយាយម្យ៉ាងទៀតបានថា ការរកស៊ីគឺជារឿងការកម្សាន្ត ការរៀនសូត្រ ហើយថែមទាំងទទួលបានប្រាក់ចំណូលថែមទៀតផង។
សហគ្រិនវ័យក្មេងរូបនេះបន្ថែមថា ចំពោះរូបបលោក ការរកស៊ីមុនរៀបការដោយសារតែលោកគិតថា លោកចង់សម្រេចក្តីស្រមៃរបស់ខ្លួន។ ហើយបេសកម្មសម្រាប់ជីវិតរបស់គាត់គឺសំខាន់ណាស់សម្រាប់ឲ្យជីវិតគាត់ពោរពេញទៅដោយភាពស្រស់បំព្រង។
ហើយបន្ទាប់ពីគាត់មានអ្វីដែលគាត់ចង់បានហើយ ពេលដែលគាត់រៀបការហើយ គាត់មិនចាំបាច់ខ្វល់ច្រើន ព្រោះគាត់មានអ្វីដែលគាត់ចង់បាននៅក្នុងដៃស្រាប់ហើយ។
បើតាទស្សនៈសហគ្រិនកម្លោះ បានបន្ថែមថា ចំពោះអ្នករៀបការហើយបានចេញរកស៊ី អ្នកនឹងមានមនុស្សម្នាក់ទៀត ចាំយកជើងរាទឹក ឬក៏ចាំជម្រុញបន្ថែម។ នៅពេលដែលអ្នកមានមនុស្សម្នាក់ទៀតចូលមកក្នុងជីវិតរបស់អ្នកហើយនោះពេល ចេញរកស៊ីប្រហែលជាអ្នកមានសំពាធបន្តិច ដោយសារពេលដែលរកស៊ីខាត អ្នកត្រូវមាកប្រពន្ធ ប្តី កូន ដែលយើងត្រូវចិញ្ចឹម មិនមែនខ្លួនមួយដូចពីមុន។
ក៏ប៉ុន្តែ ប្រសិនបើដៃគូរបស់អ្នកមានគំនិតរកស៊ីដូចគ្នា ពេលការហើយប្រាកដជាអ្នកមានកម្លាំងពីរសម្រាប់រកស៊ី ជាអ្នកជម្រុញ លើកទឹកចិត្តរបស់អ្នកជានិច្ច។ឬ អ្នករៀបការជាមួយអ្នករកស៊ីស្រាប់ គឺជារឿងមួយដែលល្អ និងមិនសូវមានឡើយ ដោយសារបច្ចុប្បន្ននៅកម្ពុជា មានអត្រាអ្នកធ្វើការច្រើនជាងអ្នករកស៊ី។
ម្យ៉ាងទៀត បើរៀបការជាមួយដៃគូធម្មតា ជាអ្នកធ្វើការធម្មតា ពេលដែលអ្នកចាប់ដៃគ្នារៀបការ នោះអ្នកនឹងមិនមានឱកាសចេញរកស៊ីនោះទេ។ កាលណាតែពួកគាត់ មានការងារល្អ មានប្រាក់ខែខ្ពស់ នោះគាត់នឹងមិនងាយបោះបង់ការងាររបស់គាត់ដែលមានប្រាក់ចំណូលរាប់រយដុល្លារ មកចាប់យករបរថ្មី ដែលមិនដឹងថាប្រាក់ចំណូលនៅទីណា ហើយមិនដឹងនៅឯណានោះទេ។
ស្របជាមួយគ្នានេះដែរ ចំពោះទស្សនៈរបស់សហគ្រិនដែលបានរៀបការហើយ លោក អ៊ុច សម្បត្តិ អគ្គនាយករបស់ក្រុមហ៊ុន គ្រួសារកក់ក្តៅ បានមានប្រសាសន៍ផងដែរថា ទាំងពីរសុទ្ធតែល្អដូចគ្នា។
- ចំពោះការរកស៊ីមុនរៀបមង្គលការ
លោកយល់ថា “បើសិនជាលោកមិនមាន របរមួយច្បាស់លាស់ ឬប្រភពចំណូលពិតប្រាកដ ទេ គឺលោកមិនមានសមត្ថភាពចិញ្ចឹមគ្រួសារបាន ឡើយ”។
- បើសិនជាយើងចាំរៀប ការហើយ ទើបចាប់ផ្តើមអាជីវកម្ម
សហគ្រិនមានគ្រួសារហើយរូបនេះ បានមានប្រសាសន៍ថា បើសិនជាយើងចាំរៀប ការហើយ ទើបចាប់ផ្តើមអាជីវកម្មវាធ្វើឲ្យចំណង អាពាហ៍ ពិពាហ៍របស់យើងផុយស្រួយងាយនឹង បែកគ្នាណាស់” ។
លោកបន្តថា “ជីវិតដែលមិនទាន់ ជួបការលំបាក បើទោះជារៀបការហើយ យើង អាចចាប់ផ្តើមអាជីវកម្មបានក៏ពិតមែន ប៉ុន្តែនៅ ពេលអាជីវកម្មជួបបញ្ហា គឺវានឹងអាចពុះហែក ទំនាក់ទំនងរវាងប្តី និងប្រពន្ធឲ្យដាច់ឆ្ងាយពីគ្នា និង ថែមទាំង អាចឈានដល់ការលែងលះទៅវិញ ក៏ថាបានដែរ “។
លោកបានបញ្ជាក់ផងដែរថា ការចាប់ផ្តើមអាជីវកម្ម គឺជារឿងដែលស្មុគស្មាញបំផុត ដួលដេកដើរទៅ មុខ គឺយើងសុទ្ធតែត្រូវការជំនួយក្នុងការសម្រាល កិច្ចការទាំងអស់នោះ។
អ្នកដែលអាចជាជំនួយ នៅតែបន្តជួយយើងទាំងពេលបរាជ័យ និងពេល ជោគជ័យ គឺមានតែដៃគូជីវិតរបស់យើងប៉ុណ្ណោះ។
យ៉ាងណា ទាំងមុនទាំងក្រោយសុទ្ធតែសំខាន់ដូចគ្នា សំខាន់អ្នកត្រូវដាក់ចិត្ត ដាក់កាយ របស់អ្នកធ្វើវា ហើយធ្វើដោយក្តីស្រឡាញ់ នោះគង់តែជោគជ័យដូចគ្នា ។
Comments
Post a Comment