ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងអគ្គិសនីកម្ពុជា (EDC) បានប្រកាសភាពជាដៃគូដើម្បីជួយដល់គម្រោងថាមពលពន្លឺព្រះអាទិត្យ
(សូឡា) ទំហំ ១០០ មេហ្គាវ៉ាត់នៅកម្ពុជា។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB។
យោងតាមសេចក្ដីប្រកាសព័ត៌មាន ADB និង EDC បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីថ្ងៃអង្គារដែលធនាគារអភិវឌ្ឍន៍មួយនេះទទួលអនុវត្តសិក្សាលទ្ធភាពសម្រាប់គម្រោងនេះ
និងក្របខ័ណ្ឌអភិវឌ្ឍន៍ភាពជាដៃគូឯកជនសាធារណៈ (PPP)។ បន្ទាប់មក ADB នឹងស្វែងរកដៃគូវិស័យឯកជនសម្រាប់សាងសង់
និងប្រតិបត្តិការសួនថាមពលសូឡា ព្រមទាំងផ្ដល់កម្ចីសម្បទានសម្រាប់គម្រោងនេះផងដែរ។
សេចក្ដីប្រកាសព័ត៌មាននេះបានពន្យល់ថា៖ «កម្មវិធីថាមពលសូឡាទំហំ១០០
មេហ្គាវ៉ាត់នឹងត្រូវបានអនុវត្តជាពីរដំណាក់កាល ដោយដំណាក់កាលទី១
មានប្រហែល៣០ មេហ្គាវ៉ាត់ និងដំណាក់កាលទី២ចំនួន៧០មេហ្គាវ៉ាត់»។
សេចក្ដីប្រកាសព័ត៌មានបន្តថា៖ «គម្រោងនេះក៏នឹងជួយអភិវឌ្ឍគំរូសម្រាប់
PPP សូឡានៅក្នុងប្រទេសកម្ពុជាផងដែរ»។
តំណាងរបស់ADB ឲ្យដឹងថា ធនាគារ និង EDC នៅមិនទាន់កំណត់ថាតើគម្រោងនេះនឹងត្រូវសាងសង់នៅទីតាំងណានៅឡើយទេ
ហើយក៏មិនដឹងថាការសង់ទាំងពីរដំណាក់នេះ នៅលើទីតាំងតែមួយ
ឬផ្សេងគ្នានោះដែរ។
លោកបន្ថែមថា ការប៉ាន់ប្រមាណតម្លៃនៃទំហំ
១០០ មេហ្គាវ៉ាត់នេះ មិនប្រាកដទេនៅពេលនេះ។
លោកបន្ថែមថា៖ «តម្លៃសម្រាប់គម្រោងសូឡាកំពុងធ្លាក់ចុះ
ហើយការរំពឹងទុកនោះ គឺកម្ពុជាអាចទទួលបានអត្ថប្រយោជន៍នៃតម្លៃគម្រោងកាន់តែទាប
ដែលនឹងនាំឲ្យតម្លៃថាមពលចែកចាយក៏កាន់តែទាបដែរ»។
កាលពីដើមឆ្នាំនេះ ADB បានគាំទ្រគម្រោងសូឡាដោយឡែកមួយ
ដោយបានផ្ដល់កម្ចី ៩,២
លានដុល្លារដល់ក្រុមហ៊ុន Sunseap
Group មានមូលដ្ឋាននៅប្រទេសសិង្ហបុរី
ដើម្បីសាងសង់រោងចក្រសូឡាទំហំ ១០ មេហ្គាវ៉ាត់នៅក្រុងបាវិត។ រោងចក្រសូឡា
ដែលជាការវិនិយោគពីធនាគារបារាំង BRED ផងដែរនោះ គ្រោងនឹងដាក់ឲ្យប្រើប្រាស់នៅចុងឆ្នាំនេះ។
លោក Victor Jona ប្រធានក្រុមប្រឹក្សាភិបាល EDC បានឲ្យដឹងថា
គម្រោងសូឡាថ្មីនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ដ្ររបស់កម្ពុជាក្នុងការធ្វើពិពិធកម្មលើការផលិតថាមពលរបស់ខ្លួន
បង្កើនសន្ដិសុខថាមពល
ដែលត្រូវទទួលយកប្រភពថាមពលកកើតឡើងវិញកាន់តែច្រើនផងដែរ។
លោកបន្ថែមថា កម្ពុជាអាចទទួលបានអត្ថប្រយោជន៍ពីការរួមបញ្ចូលគ្នានៃប្រភពថាមពលទាំងអស់របស់ខ្លួនដើម្បីបំពេញតម្រូវការកាន់តែធំ។
លោកថ្លែងថា៖ «នេះអាចនាំយកថាមពលបៃតងជាច្រើន
ដោយសារវាមិនប៉ះពាល់ដល់បរិស្ថាន»។
លោកបន្តថា៖ «នៅពេលអនាគតយើងអាចរួមបញ្ចូលប្រភពថាមពលទាំងអស់
ធ្យូងថ្ម វារីអគ្គិសនី ប្រេង និងសូឡា
ដើម្បីបង្កើនការផ្គត់ផ្គត់អគ្គិសនីក្នុងស្រុក»។ លោក Jona មិនអាចផ្ដល់តម្លៃសម្រាប់គម្រោងនេះបានទេ
ប៉ុន្តែលោកបានឲ្យដឹងថា ១មេហ្គាវ៉ាត់អាចមានតម្លៃប្រហែល ១,២លានដុល្លារ។
លោកបានបន្ថែមថា នៅពេលនេះ EDC នឹងធ្វើការសិក្សាមុនពេលដំណើរការគម្រោងនេះ។
លោក Cyril Monteiller អគ្គលេខាធិការសមាគមថាមពលសូឡាកម្ពុជា(SEAC)បានឲ្យដឹងថា
ការប្រកាសចុងក្រោយពី ADB
គឺជាសញ្ញាវិជ្ជមានខ្លាំងណាស់សម្រាប់កំណើនថាមពលសូឡានៅក្នុងប្រទេសនេះ។
លោកថ្លែងថា៖«យើងរីករាយក្នុងការឃើញថា
ថាមពលសូឡាកំពុងឆ្ពោះទៅមុខនៅកម្ពុជា ហើយមើលឃើញថា រដ្ឋាភិបាលនិង ADB កំពុងដាក់វិធានការជាច្រើនក្នុងការបង្កើតសមត្ថភាពផលិតសូឡា៕
Comments
Post a Comment